ខ្ញុំមានបិតិសោមន្សរីករាយ​ និងសុទិដ្ឋិនិយមយ៉ាងក្រៃលែងសូមឆ្លៀតឱកាសនេះបង្ហាញជូន​ សៀវភៅផលិតផល​សក្តានុពលកម្ពុជា ​គឺជាសៀវភៅថ្មីមួយក្នុងចំណោមសៀវភៅជាច្រើន ដែលបានបោះពុម្ពរួច ​សំរាប់គាំទ្រដល់សហគមន៍​អ្នកជំនួញ ​និង សាធារណៈជនទូទៅ។

បច្ចុប្បន្ននេះ សកលភាវូបនីយកម្ម ​និងតាមតំបន់មួយចំនួនក្នុងពិភពលោក មានការប្រែប្រួលយ៉ាងឆាប់រហ័ស​ ការប្រគួត ប្រជែងគ្នាដណ្តើមយកវិនិយោគ ដោយផ្ទាល់ពីបរទេស ​មានវិសាលភាពយ៉ាងធំធេង ​ហើយចារកម្មសេដ្ឋកិច្ច​ និងព៍ត៌មាន ពាណិជ្ជកម្ម បានក្លាយទៅជាឧបករណ៍ ដ៏មានសារៈសំខាន់ ​សំរាប់អ្នកដែលមានតួរនាទី អាចសំរេចកិច្ចការអ្វី​មួយបាន។ ការបោះពុម្ពផ្សាយនាពេលនេះបានរាប់បញ្ចូលពីប្រវត្តិផលិតផលសំខាន់ មានដូចជា​ផលិតផលសូត្រខ្មែរ ថ្មម៉ាប ​ទឹកឃ្មុំ ​ស្រាក្រហម ​ទឹកត្រី ​និង​ត្បូងថ្មមានតំលៃជាដើម។

ជាការពិតណាស់ ​ព្រះរាជាណាចក្រកម្ពុជា​ ទទួលបានបទពិសោធន៍ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយ មោទនភាព​ នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មិនត្រឹមតែបានបង្កីតការងារជាច្រើន ​ធ្វើអោយមានកំណើប្រាក់ចំណូលប្រចាំ គ្រួសារ​ និងកាត់បន្ថយបានជាបណ្តើរៗអត្រានៃភាពក្រីក្រ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងបានបង្ហាញអោយ​ឃើញមានកំណើន

ផលិតផលថ្មីៗជំនួសអោយផលិតផលនាំចូលពីបរទេសបានយ៉ាងច្រើន។ ផលិតផលប្លែកៗទាំងនេះ​មិនត្រឹមតែ បានទាក់ទាញ ធុរជន​ប ឬ អ្នកវិនិយោគទុនបរទេស ​អោយមានការចាប់អារម្មណ៏ប៉ុណ្ណោះទេ ​ប៉ុន្តែផលិតផល​ទាំងនោះគឺជាធនធានដ៏សំខាន់ សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

ដើម្បីនាំផ្លូវអ្នកវិនិយោគទុន ​ធុរជន ​ឬ អ្នកនាំចេញទាំងក្នុង និងក្រៅប្រទេស​អោយឃើញពីឬសគល់នៃ​ផលិតផល សក្តានុពលកម្ពុជា​ ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមពិនិត្យអង្កេតយ៉ាងយកចិត្តទុកដាក់​លើផលិតផលសក្តានុពល ១០ មុខ​ក្នុងទូទាំងប្រទេស។ ព័ត៌មាន​ និងទិន្នន័យ ដែលយើងទទួលបាននពីការអង្កេតនោះបានសង្ខេបទៅក្នុង​​ សៀវភៅផលិតផល សក្តានុពលកម្ពុជា​ ​ដោយបានបង្ហាញជូនអ្នកអានទូទៅពីប្រភព ​និងទីតាំងផលិតផលរបស់ខ្មែរ​ផងដែរ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ​សៀវភៅផលិតផលសក្តានុពលកម្ពុជា ​នេះ​នឹងផ្តល់ជូនមិត្តអ្នកអាននូវព័ត៌មានល្អៗ និងផ្តល់ឱកាសពាណិជ្ជកម្មជូនពាណិជ្ជករ ​សិប្បករ ​អ្នកនាំចេញ-នាំចូល​ ឬ អ្នកវិនិយោគទុនជាក់ជាមិនខាន។

ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ចម ​ប្រសិទ្ធ