អត្ថបទផ្សាយ ថ្ងៃ ពុធ ទី ១៣ ខែ មិថុនា ២០១២
ភ្នំពេញៈ កម្ពុជានឹងរៀបចំពិព័រណ៍ត្បូងពេជ្រ និងគ្រឿងអលង្ការលើកទី៤ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ការតាំងពិព័រណ៍នេះរៀបចំដោយក្រសួងពាណិជ្ជកម្ម ដោយសហការជាមួយក្រុមហ៊ុន World Trade Fair Ltd របស់ហុងកុងដែលនេះជាពិព័រណ៍ប្រចាំឆ្នាំ។នេះបើតាមសេចក្តី ប្រកាសព័ត៌មានពីក្រសួងពាណិជ្ជកម្ម។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា៖«ពិព័រណ៍នេះមានសារៈសំខាន់ សម្រាប់បង្ហាញអំពីត្បូងពេជ្រ និងគ្រឿងអលង្ការរបស់កម្ពុជា ទៅទីផ្សារក្រៅប្រទេស»។
មានក្រុមហ៊ុនប្រមាណ៦៩ មកពីហុងកុង ជប៉ុន សិង្ហបុរី ឡាវ អង់គ្លេស ថៃ និងកម្ពុជា ហើយព្រឹត្តិការណ៍នេះនឹងមានស្តង់ចំនួន៨៦។
កាលពីខែមីនា ឆ្នាំទៅ ក្រុមហ៊ុនត្រួតពិនិត្យគុណភាពត្បូង និងគ្រឿងអលង្ការ Intertek ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្កើតមន្ទីរពិសោធន៍នៅកម្ពុជាដើម្បីជួយរៀបចំបញ្ញត្តិ និងផ្តល់នូវការបង្ហាញផ្លូវសម្រាប់ធ្វើអាជីវកម្មត្បូងរបស់កម្ពុជា។ នេះជាក្រុមហ៊ុនពិនិត្យគុណភាពត្បូងដំបូងគេនៅកម្ពុជា។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានលើកឡើងថា កម្ពុជាទទួលបានការរួចពន្ធកាន់តែច្រើនលើការនាំចេញត្បូងទៅ អាមេរិក ហើយវានឹងទាក់ទាញពាណិជ្ជករថៃឲ្យមកវិនិយោគនៅកម្ពុជាបន្ទាប់ ពីពួកគេបានបាត់បង់ការលើកលែងពន្ធនៅអាមេរិក។ លោកថ្លែងថា៖« ខ្ញុំជឿថា ពាណិជ្ជករថៃមួយចំនួនទំនងជាងាកមកកម្ពុជាដើម្បីផលិតត្បូង និងគ្រឿងអលង្ការ ហើយនាំចេញទៅអាមេរិក។ ពួកគេនឹងមកប្រទេសកម្ពុជាដើម្បីផលិត និងទៅទាក់ទងអតិថិជនដែលមានស្រាប់របស់ពួកគេ»៕
ប្រភព ៖ ភ្នំពេញបុស្តិ៍

